រ៉ូម 5:1-12
រ៉ូម 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។ មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។ កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។ កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។ ដូច្នេះ លើសជាងនេះទៅទៀត បើព្រះបានរាប់យើងជាសុចរិត ដោយសារព្រះលោហិតព្រះអង្គ នោះយើងប្រាកដជាបានរួចពីសេចក្តីក្រោធ ដោយសារព្រះអង្គជាមិនខាន។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។
រ៉ូម 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។ ដោយសារព្រះគ្រិស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឲ្យយើងចេះអត់ធ្មត់ ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។ កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រិស្តបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រិស្តយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រិស្តថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។ តាមរយៈមនុស្សតែម្នាក់ បាប*បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។
រ៉ូម 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្ដីជំនឿ ហើយយើងអួតពីសេចក្ដីសង្ឃឹមដល់សិរីល្អនៃព្រះផង មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគត ជំនួសមនុស្សទមិលល្មើស កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្ដីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ។ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ