រ៉ូម 4:7-13
រ៉ូម 4:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប» ។ ដូច្នេះ តើព្រះពរនេះ ចំពោះតែពួកអ្នកកាត់ស្បែក ឬពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះបានរាប់លោកអ័ប្រាហាំជាសុចរិត ដោយសារជំនឿរបស់លោក។ ដូច្នេះ តើសេចក្ដីសុចរិតនេះកើតឡើងនៅពេលណា? តើមុន ឬក្រោយពេលលោកទទួលការកាត់ស្បែក? មិនមែនក្រោយពេលលោកទទួលការកាត់ស្បែកហើយនោះទេ គឺមុនពេលលោកទទួលការកាត់ស្បែកទេតើ! ហើយលោកបានទទួលទីសម្គាល់នៃការកាត់ស្បែកនេះ ទុកជាត្រានៃសេចក្តីសុចរិត ដែលលោកមានដោយសារជំនឿ កាលពីលោកមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យលោកបានធ្វើជាឪពុកដល់មនុស្សទាំងអស់ដែលជឿ ដោយមិនបានកាត់ស្បែក ដើម្បីឲ្យព្រះរាប់អ្នកទាំងនោះជាសុចរិត ហើយបានតាំងលោកឲ្យធ្វើជាឪពុករបស់ពួកអ្នកកាត់ស្បែក ដែលមិនត្រឹមតែបានកាត់ស្បែកប៉ុណ្ណោះ គឺថែមទាំងដើរតាមគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងមាន កាលលោកមិនទាន់កាត់ស្បែកនៅឡើយ។ ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។
រ៉ូម 4:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!» ។ តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ? យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់លោក» ។ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
រ៉ូម 4:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ នឹងបាបខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។ ដូច្នេះ តើបានពរនោះ ចំពោះតែពួកកាត់ស្បែកតែប៉ុណ្ណោះ ឬពួកមិនកាត់ស្បែកក៏បានដែរ ដ្បិតយើងថាសេចក្ដីជំនឿបានរាប់ទុកជាសេចក្ដីសុចរិត ដល់លោកអ័ប្រាហាំ ចុះសេចក្ដីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្ដីសុចរិត ដែលមកដោយសេចក្ដីជំនឿនោះឯង គឺជាសេចក្ដីជំនឿ ដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្ដីសុចរិតនេះដល់អ្នកទាំងនោះ ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្ដីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។ ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ