រ៉ូម 4:20-25
រ៉ូម 4:20-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកមិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមានជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។ ហេតុនេះហើយបានជាជំនឿរបស់លោក «ព្រះរាប់លោកជាសុចរិត»។ ប៉ុន្តែ សេចក្ដីដែលបានចែងទុកមកថា «ព្រះរាប់លោកជាសុចរិត» នោះមិនមែនសម្រាប់តែលោកអ័ប្រាហាំប៉ុណ្ណោះទេ គឺសម្រាប់យើងដែរ។ សេចក្តីនោះនឹងបានរាប់ជាសុចរិតដល់យើងជាអ្នកជឿដល់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះអង្គត្រូវគេបញ្ជូនទៅសម្លាប់ ដោយព្រោះអំពើរំលងរបស់យើង ហើយព្រះបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
រ៉ូម 4:20-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកមិនបាត់ជំនឿ ហើយក៏មិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្ត និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមបានមិនខាន។ ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកឲ្យសុចរិត»។ ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឲ្យសុចរិត» នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញនេះដែរ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត។
រ៉ូម 4:20-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្ដីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន ហេតុនោះបានជារាប់សេចក្ដីជំនឿរបស់លោក ទុកជាសេចក្ដីសុចរិតដល់លោក។ ប៉ុន្តែដែលថា «បានរាប់ដល់លោក» ដូច្នេះ នោះមិនចែងទុកមកសំរាប់លោកតែឯងទេ គឺសំរាប់យើងរាល់គ្នាដែរ សេចក្ដីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នា ជាពួកអ្នកជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យបានរស់ពីស្លាប់ឡើងវិញ ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត។