រ៉ូម 4:1-17
រ៉ូម 4:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចអំពីលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងខាងសាច់ឈាម? តើលោកបានអ្វីខ្លះ? ដ្បិតបើលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិ នោះលោកមានហេតុនឹងអួតអាងបាន តែមិនមែនចំពោះព្រះទេ។ តើគម្ពីរចែងដូចម្តេច? គម្ពីរចែងថា «លោកអ័ប្រាហាំបានជឿព្រះ ហើយជំនឿនោះបានរាប់ជាសុចរិតដល់លោក» ។ ចំពោះអ្នកដែលធ្វើការ ប្រាក់ឈ្នួលមិនរាប់ជាអំណោយទេ គឺជាប្រាក់ដែលខ្លួនត្រូវបាន។ ចំពោះអ្នកដែលមិនធ្វើការ តែជឿដល់ព្រះ ដែលរាប់មនុស្សទមិឡល្មើសជាសុចរិត នោះព្រះអង្គរាប់អ្នកនោះជាសុចរិត ដោយសារជំនឿរបស់គេ។ សូម្បីព្រះបាទដាវីឌក៏ថ្លែងអំពីព្រះពររបស់ពួកអ្នកដែលព្រះរាប់ជាសុចរិត ដោយមិនគិតពីការប្រព្រឹត្តិថា៖ «មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប» ។ ដូច្នេះ តើព្រះពរនេះ ចំពោះតែពួកអ្នកកាត់ស្បែក ឬពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះបានរាប់លោកអ័ប្រាហាំជាសុចរិត ដោយសារជំនឿរបស់លោក។ ដូច្នេះ តើសេចក្ដីសុចរិតនេះកើតឡើងនៅពេលណា? តើមុន ឬក្រោយពេលលោកទទួលការកាត់ស្បែក? មិនមែនក្រោយពេលលោកទទួលការកាត់ស្បែកហើយនោះទេ គឺមុនពេលលោកទទួលការកាត់ស្បែកទេតើ! ហើយលោកបានទទួលទីសម្គាល់នៃការកាត់ស្បែកនេះ ទុកជាត្រានៃសេចក្តីសុចរិត ដែលលោកមានដោយសារជំនឿ កាលពីលោកមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យលោកបានធ្វើជាឪពុកដល់មនុស្សទាំងអស់ដែលជឿ ដោយមិនបានកាត់ស្បែក ដើម្បីឲ្យព្រះរាប់អ្នកទាំងនោះជាសុចរិត ហើយបានតាំងលោកឲ្យធ្វើជាឪពុករបស់ពួកអ្នកកាត់ស្បែក ដែលមិនត្រឹមតែបានកាត់ស្បែកប៉ុណ្ណោះ គឺថែមទាំងដើរតាមគំរូនៃជំនឿរបស់លោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងមាន កាលលោកមិនទាន់កាត់ស្បែកនៅឡើយ។ ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។ ប្រសិនបើពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមត៌ក នោះជំនឿគ្មានប្រយោជន៍អ្វីទេ ហើយសេចក្តីសន្យាក៏គ្មានតម្លៃអ្វីដែរ ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានសេចក្តីក្រោធ តែទីណាដែលគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានសេចក្តីល្មើសដែរ។ ដូច្នេះ សេចក្តីសន្យាអាងលើជំនឿ ហើយស្របតាមព្រះគុណ គឺសម្រាប់ពូជពង្សរបស់លោកទាំងអស់ មិនត្រឹមតែពួកអ្នកដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ តែសម្រាប់ពួកដែលមានជំនឿដូចលោកអ័ប្រាហាំ ដែលជាឪពុករបស់យើងទាំងអស់គ្នាដែរ។ ដូចមានសេចក្តីចែងទុកមកថា «យើងបានតាំងអ្នកឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» ។ គឺនៅចំពោះព្រះដែលលោកបានជឿ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយមានព្រះបន្ទូលហៅអ្វីៗដែលគ្មានរូបរាង ឲ្យកើតមាន។
រ៉ូម 4:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំ ដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ប៉ុន្តែ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងទេ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ» ។ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា: «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!» ។ តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ? យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់លោក» ។ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថា ជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។ ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ» ។ លោកជាឪពុករបស់យើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។
រ៉ូម 4:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីជំនឿនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្ដីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្ដីសុចរិតវិញ ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ នឹងបាបខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។ ដូច្នេះ តើបានពរនោះ ចំពោះតែពួកកាត់ស្បែកតែប៉ុណ្ណោះ ឬពួកមិនកាត់ស្បែកក៏បានដែរ ដ្បិតយើងថាសេចក្ដីជំនឿបានរាប់ទុកជាសេចក្ដីសុចរិត ដល់លោកអ័ប្រាហាំ ចុះសេចក្ដីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្ដីសុចរិត ដែលមកដោយសេចក្ដីជំនឿនោះឯង គឺជាសេចក្ដីជំនឿ ដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្ដីសុចរិតនេះដល់អ្នកទាំងនោះ ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្ដីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។ ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រិត្យវិន័យបានគ្រងមរដក នោះសេចក្ដីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្ដីសន្យាក៏ឥតប្រយោជន៍ដែរ ឯក្រឹត្យវិន័យ នោះបង្កើតសេចក្ដីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រិត្យវិន័យ នោះក៏ឥតមានសេចក្ដីរំលងដែរ ដូច្នេះ សេចក្ដីសន្យាបានមកដោយសេចក្ដីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្ដីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រិត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង ដូចមានសេចក្ដីចែងទុកមកថា «អញបានតាំងឯងឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» រីឯនៅចំពោះព្រះ ជាទីជឿរបស់លោក ដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ នោះលោកជាឪពុករបស់យើងមែន