រ៉ូម 3:27-31
រ៉ូម 3:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។ ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ តើព្រះ ជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះឬ? តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ ដ្បិតមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ ដែលនឹងរាប់អ្នកកាត់ស្បែកជាសុចរិត ដោយសារជំនឿ និងអ្នកមិនកាត់ស្បែក ដោយសារជំនឿដូចគ្នា។ ដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសារជំនឿឬ? ទេ មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេតើ។
រ៉ូម 3:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យសុចរិត ដោយគេមានជំនឿដែរ។ ដូច្នេះ តើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។
រ៉ូម 3:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើសេចក្ដីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្ដីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រិត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្ដីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្ដីជំនឿនោះដែរ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រិត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្ដីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រិត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។