រ៉ូម 3:20-26
រ៉ូម 3:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យឃើញ ហើយដែលមានទាំងគម្ពីរវិន័យ និងគម្ពីរហោរាធ្វើបន្ទាល់ផង គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ដើម្បីសម្ដែងឲ្យឃើញនៅគ្រានេះថា ព្រះអង្គសុចរិត ហើយថា ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ព្រះយេស៊ូវ ជាសុចរិតផងដែរ។
រ៉ូម 3:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។ ឥឡូវនេះ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹងអំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿលើព្រះយេស៊ូគ្រិស្តឲ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតថ្លៃ។ ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយព្រះអង្គប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យសុចរិតផងដែរ។
រ៉ូម 3:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។