រ៉ូម 3:1-8
រ៉ូម 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើសាសន៍យូដាមានអ្វីវិសេសជាងគេ ហើយការកាត់ស្បែកមានប្រយោជន៍អ្វី? មានច្រើនគ្រប់ជំពូក ដ្បិតមុនដំបូង ព្រះបានប្រគល់ព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនស្មោះត្រង់ តើដូចម្តេចទៅវិញ? តើចិត្តមិនស្មោះត្រង់របស់គេ នឹងធ្វើឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះ ទៅជាមិនកើតការឬ? មិនមែនដូច្នោះទេ! ទោះបីគ្រប់គ្នាជាមនុស្សភូតភរក្ដី ក៏ព្រះនៅតែពិតត្រង់ដែរ ដូចមានសេចក្តីចែងទុកមកថា «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយមានជ័យជម្នះ ពេលគេជំនុំជម្រះព្រះអង្គ» ។ ប៉ុន្តែ បើសេចក្តីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ តើយើងគួរនិយាយដូចម្តេច? ថាព្រះទុច្ចរិតឬ ដែលព្រះអង្គដាក់ទោសយើង? (នេះខ្ញុំនិយាយតាមរបៀបមនុស្សលោក)។ មិនមែនដូច្នោះទេ! បើព្រះទុច្ចរិតមែន តើព្រះអង្គជំនុំជម្រះមនុស្សលោកដូចម្ដេចកើត? ដ្បិតបើសេចក្តីពិតត្រង់របស់ព្រះចម្រើនឡើង សម្រាប់ជាសិរីល្អរបស់ព្រះអង្គ ដោយសារសេចក្តីភូតភររបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំនៅតែជាប់មានទោស ទុកដូចជាមនុស្សបាបទៀត? ហើយហេតុអ្វីក៏មិននិយាយថា ចូរយើងប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យការល្អកើតចេញមក ដូចអ្នកខ្លះនិយាយបង្កាច់យើង ថាយើងនិយាយដូច្នោះ? គេនិយាយបង្កាច់ដូច្នោះ សមនឹងទទួលទោសហើយ។
រ៉ូម 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ? សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។ បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថា: «ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជម្នះ នៅពេលគេកាត់ក្តីព្រះអង្គ» ។ ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះជាម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។ មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើឲ្យព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត? មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈ របស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!
រ៉ូម 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្ដីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» ប៉ុន្តែ បើសិនជាសេចក្ដីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្ដីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេចឲ្យព្រះជំនុំជំរះលោកីយបាន ដ្បិតបើសិនជាសេចក្ដីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្ដីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្ដីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។