រ៉ូម 2:6-29

រ៉ូម 2:6-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច រីឯ​ពួក​អ្នក​ដែល​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី‌ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ។ សេចក្តី​វេទនា សេចក្តី​ទុក្ខ​ព្រួយ នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​សាសន៍​ក្រិក​ផង។ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សីរី​ល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​ដំបូង​សាសន៍​យូដា និង​សាសន៍​ក្រិក​ផង។ ដ្បិត​ព្រះ​មិន​លម្អៀង​ឡើយ។ អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ ហើយ​អស់​អ្នក​បាន​ធ្វើ​បាប​នៅ​ក្រោម​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជម្រះ​ដែរ។ ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។ ពេល​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យ‌វិន័យ ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដោយ​ឯក​ឯង ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ​វិន័យ ទោះ​ជា​គេ​គ្មាន​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។ ប៉ុន្តែ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ហើយ​ពឹង​ផ្អែក​លើក្រឹត្យ‌វិន័យ អួត​សរសើរ​ពី​ព្រះ ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ចេះ​ពិចារណា​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​បាន​រៀន​ពី​ក្រឹត្យ‌វិន័យ ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច្នេះ ខ្លួន​អ្នក​បង្រៀន​អ្នក​ដទៃ​បាន ហេតុ​អ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង? ខ្លួន​អ្នក​ប្រកាស​ប្រាប់​គេ​កុំ​ឲ្យ​លួច តើ​អ្នក​លួច​ឬ​ទេ? ខ្លួន​អ្នក​ហាម​គេ​កុំ​ឲ្យ​ផិត​ក្បត់ តើ​អ្នក​ផិត​ក្បត់​ឬ​ទេ? ខ្លួន​អ្នក​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ? ខ្លួន​អ្នក​ដែល​អួត​ពី​ក្រឹត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ឬ​ទេ? ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​នាម​របស់​ព្រះ​ត្រូវ​គេ​ប្រមាថ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ព្រោះ​តែ​អ្នក​រាល់​គ្នា»។ ការ​កាត់​ស្បែក​មាន​ប្រយោជន៍​មែន ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ នោះ​ការ​កាត់​ស្បែក​របស់​អ្នក ក៏​ត្រឡប់​ដូច​ជា​មិន​កាត់​ដែរ។ ដូច្នេះ បើ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បទ​បញ្ញត្តិ​របស់​ក្រឹត្យ‌វិន័យ នោះ​តើ​ការ​ដែល​មិន​កាត់​ស្បែក រាប់​ដូច​ជា​បាន​កាត់​ស្បែក​វិញ​ទេ​ឬ? ដូច្នេះ ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ខាង​រូប​កាយ តែ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នឹង​កាត់​ទោស​អ្នក​ដែល​មាន​ទាំង​គម្ពីរ​វិន័យ និង​ការ​កាត់​ស្បែក តែ​បែរ​ជា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ។ ដ្បិត​អ្នក​ដែល​ជា​សាសន៍​យូដា មិន​សំដៅ​លើ​សម្បក​ក្រៅ​ទេ ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​មិន​សំដៅ​លើ​រូប​កាយ​ខាង​ក្រៅ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជា​សាសន៍​យូដា គឺ​សំដៅ​លើ​ចិត្ត​ខាង​ក្នុង ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​ខាង​វិញ្ញាណ មិន​មែន​តាម​ន័យ​របស់​ពាក្យ​នោះ​ទេ។ មនុស្ស​បែប​នោះ ទទួល​ការ​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:6-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ផល​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុងរឿង កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប‌សូន្យ តែ​ព្រះអង្គ​ព្រះ‌ពិរោធ និង​ដាក់​ទោស​យ៉ាង​ធ្ងន់​ចំពោះ​អស់​អ្នក ដែល​គិត​តែ​ឈ្លោះ​ប្រកែក មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ពិត គឺ​បែរ​ទៅ​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​វិញ។ ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក! រីឯ​សិរី‌រុងរឿង កិត្តិយស និង​សេចក្ដី​សុខ‌សាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​វិញ មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក! ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត។ ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។ ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះអង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។ ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ហើយ​អួត‌អាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះ‌ជា‌ម្ចាស់​ អ្នក​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យ‌វិន័យ* ឲ្យ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូច‌តាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​សេចក្ដី​ពិត សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ទាំង​អស់។ អ្នក​ប្រៀន‌ប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​ឲ្យ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ! អ្នក​ប្រាប់​គេ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​ខ្លួន​ឯង​ក៏​ផិត​ក្បត់​ដែរ! អ្នក​ថា​ខ្លួន​ស្អប់​ខ្ពើម​ព្រះ‌ក្លែងក្លាយ តែ​អ្នក​បែរ​ជា​ប្លន់​វិហារ​របស់​ព្រះ​ទាំង​នោះ​ទៅ​វិញ!​ អ្នក​អួត‌អាង​លើ​ក្រឹត្យ‌វិន័យ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្តិយស​ព្រះ‌ជា‌ម្ចាស់ ដោយ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌ជា‌ម្ចាស់» ។ ការ​កាត់​ស្បែក*​មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ ការ​កាត់​ស្បែក​របស់​អ្នក​ទុក​ដូច​ជា​មិន​កាត់​ទៅ​វិញ។ ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យ‌វិន័យ ព្រះ‌ជា‌ម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។ ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។ សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯ‌ណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក​ស្រប​តាម​ព្រះ‌វិញ្ញាណ មិន​មែន​តាម​គម្ពីរ‌វិន័យ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ​ទទួល​ការ​កោត​សរសើរ​ពី​ព្រះ‌ជា‌ម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:6-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ នឹង​សេចក្ដី​មិន​ពុក‌រលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ តែ​ពួក​អ្នក​ដែល​ទាស់​ទទឹង មិន​ព្រម​ស្តាប់​តាម​សេចក្ដី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្ដី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​វេទនា នឹង​សេចក្ដី​លំបាក​នៅ​លើ​គ្រប់​ទាំង​ព្រលឹង​មនុស្ស​ណា ដែល​ប្រព្រឹត្ត​អាក្រក់ មាន​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ នឹង​សេចក្ដី​សុខ​វិញ គឺ​មាន​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង ដ្បិត​ព្រះ‌ទ្រង់​មិន​យោគ‌យល់​ខាង​អ្នក​ណា​សោះ ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រិត្យ‌វិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រិត្យ‌វិន័យ​ជំនុំ‌ជំរះ​វិញ (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រិត្យ‌វិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ‌វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ‌វិន័យ​ដល់​ខ្លួន​គេ​វិញ ដោយ​សំដែង​ថា របៀប​ក្រិត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន‌កាល​ប្រកាន់​ទោស ចួន‌កាល​ដោះ‌សា​គ្នា​ទៅ​វិញ​ទៅ​មក) គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ‌ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រិត្យ‌វិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ ក៏​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្ដី​ល្អ ដោយ​បាន​រៀន​តាម​ក្រិត្យ‌វិន័យ ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ដែល​ងងឹត ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ក្រិត្យ‌វិន័យ ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ អ្នក​ឯង​ដែល​អួត​ពី​ក្រិត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រិត្យ‌វិន័យ​ឬ​ទេ ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ហើយ។ រីឯ​ការ​កាត់​ស្បែក នោះ​មាន​ប្រយោជន៍​មែន បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​វិញ នោះ​ការ​ដែល​ទទួល​កាត់​ស្បែក បាន​ត្រឡប់​ដូច​ជា​មិន​កាត់​វិញ ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រិត្យ‌វិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំ‌ជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ នឹង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​វិញ ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្ដី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។

ចែក​រំលែក
អាន រ៉ូម 2