រ៉ូម 2:6-11
រ៉ូម 2:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ដ្បិតព្រះមិនលម្អៀងឡើយ។
រ៉ូម 2:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
រ៉ូម 2:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិត គឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញ នោះនឹងបានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅ ជាសេចក្ដីវេទនា នឹងសេចក្ដីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ