រ៉ូម 2:5-13
រ៉ូម 2:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។ ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ដ្បិតព្រះមិនលម្អៀងឡើយ។ អស់អ្នកដែលបានធ្វើបាបដោយមិនស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅទាំងគ្មានក្រឹត្យវិន័យ ហើយអស់អ្នកបានធ្វើបាបនៅក្រោមក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះដែរ។ ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។
រ៉ូម 2:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។ អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។
រ៉ូម 2:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិត គឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញ នោះនឹងបានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅ ជាសេចក្ដីវេទនា នឹងសេចក្ដីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រិត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រិត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រិត្យវិន័យ នោះនឹងត្រូវក្រិត្យវិន័យជំនុំជំរះវិញ (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ