រ៉ូម 2:17-24

រ៉ូម 2:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ហើយ​ពឹង​ផ្អែក​លើក្រឹត្យ‌វិន័យ អួត​សរសើរ​ពី​ព្រះ ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ចេះ​ពិចារណា​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​បាន​រៀន​ពី​ក្រឹត្យ‌វិន័យ ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច្នេះ ខ្លួន​អ្នក​បង្រៀន​អ្នក​ដទៃ​បាន ហេតុ​អ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង? ខ្លួន​អ្នក​ប្រកាស​ប្រាប់​គេ​កុំ​ឲ្យ​លួច តើ​អ្នក​លួច​ឬ​ទេ? ខ្លួន​អ្នក​ហាម​គេ​កុំ​ឲ្យ​ផិត​ក្បត់ តើ​អ្នក​ផិត​ក្បត់​ឬ​ទេ? ខ្លួន​អ្នក​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ? ខ្លួន​អ្នក​ដែល​អួត​ពី​ក្រឹត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ឬ​ទេ? ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​នាម​របស់​ព្រះ​ត្រូវ​គេ​ប្រមាថ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ព្រោះ​តែ​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ហើយ​អួត‌អាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះ‌ជា‌ម្ចាស់​ អ្នក​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យ‌វិន័យ* ឲ្យ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូច‌តាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​សេចក្ដី​ពិត សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ទាំង​អស់។ អ្នក​ប្រៀន‌ប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​ឲ្យ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ! អ្នក​ប្រាប់​គេ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​ខ្លួន​ឯង​ក៏​ផិត​ក្បត់​ដែរ! អ្នក​ថា​ខ្លួន​ស្អប់​ខ្ពើម​ព្រះ‌ក្លែងក្លាយ តែ​អ្នក​បែរ​ជា​ប្លន់​វិហារ​របស់​ព្រះ​ទាំង​នោះ​ទៅ​វិញ!​ អ្នក​អួត‌អាង​លើ​ក្រឹត្យ‌វិន័យ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្តិយស​ព្រះ‌ជា‌ម្ចាស់ ដោយ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌ជា‌ម្ចាស់» ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រិត្យ‌វិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ ក៏​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្ដី​ល្អ ដោយ​បាន​រៀន​តាម​ក្រិត្យ‌វិន័យ ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ដែល​ងងឹត ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ក្រិត្យ‌វិន័យ ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ អ្នក​ឯង​ដែល​អួត​ពី​ក្រិត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រិត្យ‌វិន័យ​ឬ​ទេ ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ហើយ។

ចែក​រំលែក
អាន រ៉ូម 2