រ៉ូម 2:17-22
រ៉ូម 2:17-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ?
រ៉ូម 2:17-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។ អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ!
រ៉ូម 2:17-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រិត្យវិន័យ ហើយអួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្ដីល្អ ដោយបានរៀនតាមក្រិត្យវិន័យ ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកដែលងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្ដីចេះដឹង នឹងសេចក្ដីពិតនៅក្នុងក្រិត្យវិន័យ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ