រ៉ូម 2:12-24
រ៉ូម 2:12-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលបានធ្វើបាបដោយមិនស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅទាំងគ្មានក្រឹត្យវិន័យ ហើយអស់អ្នកបានធ្វើបាបនៅក្រោមក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះដែរ។ ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។ ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ? ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះនាមរបស់ព្រះត្រូវគេប្រមាថក្នុងចំណោមពួកសាសន៍ដទៃ ព្រោះតែអ្នករាល់គ្នា»។
រ៉ូម 2:12-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។ ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។ អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! អ្នកអួតអាងលើក្រឹត្យវិន័យ តែអ្នកបែរជាបង្អាប់កិត្តិយសព្រះជាម្ចាស់ ដោយប្រព្រឹត្តល្មើសក្រឹត្យវិន័យ ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នាបានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់» ។
រ៉ូម 2:12-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រិត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រិត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រិត្យវិន័យ នោះនឹងត្រូវក្រិត្យវិន័យជំនុំជំរះវិញ (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រិត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រិត្យវិន័យនោះឯង គេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសាគ្នាទៅវិញទៅមក) គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។ បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រិត្យវិន័យ ហើយអួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្ដីល្អ ដោយបានរៀនតាមក្រិត្យវិន័យ ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកដែលងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្ដីចេះដឹង នឹងសេចក្ដីពិតនៅក្នុងក្រិត្យវិន័យ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ អ្នកឯងដែលអួតពីក្រិត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រិត្យវិន័យឬទេ ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្ដីចែងទុកមកហើយ។