រ៉ូម 2:12-16

រ៉ូម 2:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ ហើយ​អស់​អ្នក​បាន​ធ្វើ​បាប​នៅ​ក្រោម​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជម្រះ​ដែរ។ ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។ ពេល​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យ‌វិន័យ ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដោយ​ឯក​ឯង ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ​វិន័យ ទោះ​ជា​គេ​គ្មាន​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត។ ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។ ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះអង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រិត្យ‌វិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រិត្យ‌វិន័យ​ជំនុំ‌ជំរះ​វិញ (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រិត្យ‌វិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ‌វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ‌វិន័យ​ដល់​ខ្លួន​គេ​វិញ ដោយ​សំដែង​ថា របៀប​ក្រិត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន‌កាល​ប្រកាន់​ទោស ចួន‌កាល​ដោះ‌សា​គ្នា​ទៅ​វិញ​ទៅ​មក) គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ‌ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

ចែក​រំលែក
អាន រ៉ូម 2