រ៉ូម 2:1-20
រ៉ូម 2:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ? ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។ ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ដ្បិតព្រះមិនលម្អៀងឡើយ។ អស់អ្នកដែលបានធ្វើបាបដោយមិនស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅទាំងគ្មានក្រឹត្យវិន័យ ហើយអស់អ្នកបានធ្វើបាបនៅក្រោមក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះដែរ។ ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។ ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ
រ៉ូម 2:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ? ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។ អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។ ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។
រ៉ូម 2:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្ដីជំនុំជំរះរបស់ព្រះឬអី ឬអ្នកមើលងាយសេចក្ដីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្ដីទ្រាំទ្រ នឹងសេចក្ដីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្ដីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិត គឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញ នោះនឹងបានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅ ជាសេចក្ដីវេទនា នឹងសេចក្ដីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រិត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រិត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រិត្យវិន័យ នោះនឹងត្រូវក្រិត្យវិន័យជំនុំជំរះវិញ (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រិត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រិត្យវិន័យនោះឯង គេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសាគ្នាទៅវិញទៅមក) គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។ បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រិត្យវិន័យ ហើយអួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្ដីល្អ ដោយបានរៀនតាមក្រិត្យវិន័យ ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកដែលងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្ដីចេះដឹង នឹងសេចក្ដីពិតនៅក្នុងក្រិត្យវិន័យ