រ៉ូម 2:1-11
រ៉ូម 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ? ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។ ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ដ្បិតព្រះមិនលម្អៀងឡើយ។
រ៉ូម 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ? ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
រ៉ូម 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសាចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្ដីជំនុំជំរះរបស់ព្រះឬអី ឬអ្នកមើលងាយសេចក្ដីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្ដីទ្រាំទ្រ នឹងសេចក្ដីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្ដីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិត គឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញ នោះនឹងបានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅ ជាសេចក្ដីវេទនា នឹងសេចក្ដីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ នឹងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ