រ៉ូម 16:17-27

រ៉ូម 16:17-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។ ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។ ដ្បិត​កាល​មនុស្ស​ទាំង​អស់​ដឹង​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ក៏​ត្រេក​អរ​នឹង​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ការ​អ្វី​ដែល​ល្អ ហើយ​ល្ងង់​ខាង​ការ​អ្វី​ដែល​អាក្រក់។ ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​នឹង​កម្ទេច​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ លោក​ធីម៉ូថេ ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​លូ‌គាស លោក​យ៉ា‌សុន និង​លោក​សូសិ‌ប៉ាត្រ‌ុស ជា​ញាតិ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ ទើ‌ទាស ជា​អ្នក​សរសេរ​សំបុត្រ​នេះ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ដែរ។ លោក​កៃ‌យុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម​ជំនុំ​ទាំង​មូល សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អេរ៉ា‌ស្ទុស ជា​អ្នក​កាន់​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​ពួក​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ [សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង! អាម៉ែន!] ។ រីឯ​ព្រះ​ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ និង​សេចក្ដី​ប្រកាស​អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​ការ​បើក​សម្ដែង​អំពី​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ​សារ​គម្ពីរ​ហោរា តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ដែល​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​តាម​ជំនឿ ដល់​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​លើក​តម្កើង​សិរី‌ល្អ​ដល់​ព្រះ‌អង្គ អស់​កល្ប​ត​រៀង​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:17-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​ឲ្យ​បងប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បងប្អូន​បាន​ទទួល សូម​បងប្អូន​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​ព្រះ‌គ្រិស្ត‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ត​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សម្ដី​ពីរោះៗ និង​ពាក្យ​បញ្ចើច‌បញ្ចើ។ រីឯ​បងប្អូន​វិញ មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បងប្អូន ហើយ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។ ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត នឹង​កម្ទេច​មារ*​សាតាំង​ឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បងប្អូន ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង។ លោក​ធីម៉ូថេ​ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ ខ្ញុំ​ទើ‌ទាស​ជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជម្រាប​សួរ​មក​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម‌ជំនុំ​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បងប្អូន លោក​អេរ៉ា‌ស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើតុស ជា​បងប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ [សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង! អាម៉ែន!]។ ព្រះ‌ជា‌ម្ចាស់​មាន​ឫទ្ធា‌នុភាព​នឹង​ធ្វើ​ឲ្យ​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះ‌យេស៊ូ‌គ្រិស្ត តាម​តែ​ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះអង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក តែ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​នៅ​ពេល​នេះ​តាម​រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។ មាន​តែ​ព្រះ‌ជា‌ម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:17-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បណ្តាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​រវាត​ចិត្ត ខុស​នឹង​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត‌ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ នឹង​ពាក្យ​បញ្ចើច​ផង ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេក‌អរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្ដី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្ដី​អាក្រក់​វិញ ឯ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត នៅ​បន្តិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ចុះ។ អ្នក​ធីម៉ូថេ ជា​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​ខ្ញុំ ហើយ​អ្នក​លូគាស អ្នក​យ៉ា‌សុន នឹង​អ្នក​សូសិ‌ប៉ាត្រុស ជា​ញាតិ​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ឯ​ខ្ញុំ ឈ្មោះ​ទើទាស ដែល​សរសេរ​សំបុត្រ​នេះ ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ដែរ អ្នក​កៃយុស ជា​អ្នក​ដែល​ទទួល​ខ្ញុំ នឹង​ពួក​ជំនុំ​ទាំង​អស់​ផង គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អេរ៉ា‌ស្ទុស ជា​មេ​ត្រួត‌ត្រា​ក្នុង​ទី​ក្រុង នឹង​អ្នក​ក្វើតុស ជា​ពួក​បង​ប្អូន គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទាំង​អស់ អាម៉ែន។ រីឯ​ព្រះ ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា ឲ្យ​ខ្ជាប់‌ខ្ជួន​តាម​ដំណឹង​ល្អ​ខ្ញុំ នឹង​តាម​ខ្លឹម​នៃ​លទ្ធិ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​នឹង​សេចក្ដី​បើក​សំដែង អំពី​ការ​អាថ៌‌កំបាំង ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក តែ​ឥឡូវ​នេះ​បាន​បើក​សំដែង​មក ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយ‌សារ​គម្ពីរ​ហោរា តាម​បង្គាប់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ចុះ​ចូល​ជឿ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់‌កល្ប​រៀង​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន រ៉ូម 16