រ៉ូម 16:17-19
រ៉ូម 16:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ដ្បិតកាលមនុស្សទាំងអស់ដឹងពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ហើយខ្ញុំក៏ត្រេកអរនឹងអ្នករាល់គ្នា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការអ្វីដែលល្អ ហើយល្ងង់ខាងការអ្វីដែលអាក្រក់។
រ៉ូម 16:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួល សូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រិស្តជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។
រ៉ូម 16:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្ដីរវាតចិត្ត ខុសនឹងសេចក្ដីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ នឹងពាក្យបញ្ចើចផង ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្ដីល្អ ហើយល្ងង់ខាងឯសេចក្ដីអាក្រក់វិញ