រ៉ូម 16:1-16

រ៉ូម 16:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​សូម​ទុក​ដាក់​នាង​ភីបេ ជា​បង‌ប្អូន​របស់​យើង​នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កេង‌គ្រា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះ‌អម្ចាស់ ឲ្យ​សម​ជា​ពួក​បរិសុទ្ធ ហើយ​ជួយ​នាង តាម​អ្វី​ដែល​នាង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​ជួយ ដ្បិត​នាង​បាន​ជួយ​មនុស្ស​ជា​ច្រើន រួម​ទាំង​ខ្ញុំ​ផង​ដែរ។ សូម​ជម្រាប​សួរ​នាង​ព្រី‌ស៊ីល និង​លោក​អ័គី‌ឡា ជា​អ្នក​រួម​ការងារ​ជា​មួយ​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ។ មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ​គុណ​ពួក​គាត់ តែ​ក្រុម​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​អរ​គុណ​ពួក​គាត់​ដែរ។ សូម​ជម្រាប​សួរ​ក្រុម​ជំនុំ ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ពួក​គាត់​ផង។ សូម​ជម្រាប​សួរ​លោក​អេ‌ប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​យ៉ាង​ច្រើន ដើម្បី​អ្នក​រាល់​គ្នា។ សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូ‌នីក និង​នាង​យូនាស ជា​សាច់​ញាតិ​ខ្ញុំ ដែល​បាន​ជាប់​គុក​ជា​មួយ​ខ្ញុំ អ្នក​ទាំង​ពីរ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ទៀត​ផង។ សូម​ជម្រាប​សួរ​លោក​អាំ‌ភ្លាស ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​លោក​អ៊ើ‌បាន់ ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង ក្នុង​ព្រះ‌គ្រីស្ទ និង​លោក​ស័តា‌ឃីស ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ។ សូម​ជម្រាប​សួរ​លោក​អ័ពេ‌លេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ។ សូម​ជម្រាប​សួរ​បង‌ប្អូន​ជា​ក្រុម​គ្រួសារ​របស់​លោក​អើរិ‌ស្តូប៊ូល។ សូម​ជម្រាប​សួរ​លោក​ហេរ៉ូ‌ឌាន ជា​ញាតិ​ខ្ញុំ។ សូម​ជម្រាប​សួរ​បង‌ប្អូន​នៅ​ក្នុង​ព្រះ​ម្ចាស់ ដែល​ជា​ក្រុម​គ្រួសារ​របស់​លោក​ណើ‌គីស។ សូម​ជម្រាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​បាន​នឿយ​ហត់​ក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​នាង​ពើ‌ស៊ីស ជា​ស្ងួន‌ភ្ងា ដែល​បាន​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​លោក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស និង​សូម​ជម្រាប​សួរ​ម្តាយ​របស់​គាត់ ហើយ​ជា​ម្តាយ​ដល់​ខ្ញុំ​ដែរ។ សូម​ជម្រាប​សួរ​លោក​អ័ស៊ីង‌គ្រីត លោក​ភ្លេ‌កូន លោក​ហ៊ើ‌ម៉ាស លោក​ប៉ា‌ត្រូ‌បាស លោក​ហ៊ើ‌មេស និង​បង‌ប្អូន​ដែល​នៅ​ជា​មួយ​អ្នក​ទាំង​នោះ។ សូម​ជម្រាប​សួរ​លោក​ភី‌ឡូ‌ឡូក នាង​យូ‌លាស លោក​នេ‌រើស និង​ប្អូន​ស្រី​របស់​គាត់ ព្រម​ទាំង​លោក​អូលីម‌ប៉ាស និង​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​នៅ​ជា​មួយ​អ្នក​ទាំង​នោះ​ផង​ដែរ។ សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​បរិសុទ្ធ ក្រុម​ជំនុំ​របស់​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​មក​បងប្អូន​អំពី​នាង​ភីបេ ដែល​ជា​បងប្អូន​របស់​យើង គាត់​បម្រើ​ក្រុម‌ជំនុំ​នៅ​ក្រុង​កេង‌គ្រា សូម​បងប្អូន​ទទួល​គាត់ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ឲ្យ​សម​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ សូម​បងប្អូន​ជួយ​គាត់​ក្នុង​ករណី​ណា ដែល​គាត់​ត្រូវ​ការ​ឲ្យ​បងប្អូន​ជួយ ដ្បិត​គាត់​បាន​ជួយ​រ៉ាប់​រង​បងប្អូន​ជា​ច្រើន​នាក់ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ផង​ដែរ។ សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា​ឲ្យ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ត រួម​ជា​មួយ​ខ្ញុំ គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ក្រុម‌ជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរ‌គុណ​គាត់​ដែរ។ សូម​ជម្រាប​សួរ​ក្រុម‌ជំនុំ ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឲ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រិស្ត​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។ សូម​ជម្រាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយ‌ហត់​យ៉ាង​ច្រើន ដើម្បី​បងប្អូន។ សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រិស្ត​មុន​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អាំភ្លាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់។ សូម​ជម្រាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ត​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស័តា‌ឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​ព្រះ‌គ្រិស្ត។ សូម​ជម្រាប​សួរ​បងប្អូន​ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។ សូម​ជម្រាប​សួរ​លោក​ហេរ៉ូ‌ឌាន​ជា​សាច់‌ញាតិ​របស់​ខ្ញុំ។ សូម​ជម្រាប​សួរ​បងប្អូន​ដែល​ជឿ​ព្រះ‌អម្ចាស់ និង​ជា​ក្រុម​ញាតិ​លោក​ណើគីស។ សូម​ជម្រាប​សួរ​នាង​ទ្រី‌ភែន និង​នាង​ទ្រី‌ផូស នាង​ទាំង​ពីរ​បាន​បម្រើ​ព្រះ‌អម្ចាស់​យ៉ាង​នឿយ‌ហត់។ សូម​ជម្រាប​សួរ​នាង​ពើស៊ីស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​បាន​បម្រើ​ព្រះ‌អម្ចាស់​យ៉ាង​នឿយ‌ហត់។ សូម​ជម្រាប​សួរ​លោក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស និង​ជម្រាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។ សូម​ជម្រាប​សួរ​លោក​អស៊ីង‌គ្រីត លោក​ផ្លេគូន លោក​ហ៊ើម៉ាស លោក​ប៉ាត្រូ‌បាស លោក​ហ៊ើមេស និង​បងប្អូន​ដែល​នៅ​ជា​មួយ​គេ។ សូម​ជម្រាប​សួរ​លោក​ភីឡូ‌ឡូក នាង​យូលាស លោក​នេ‌រើស និង​ប្អូន​ស្រី​គាត់ ព្រម​ទាំង​ជម្រាប​សួរ​លោក​អូលីម‌ប៉ាស និង​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជា​មួយ​គេ​ផង​ដែរ។ សូម​បងប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​ផង​។ ក្រុម‌ជំនុំ​ទាំង​អស់​របស់​ព្រះ‌គ្រិស្ត​សូម​ជម្រាប​សួរ​មក​បងប្អូន។

ចែក​រំលែក
អាន រ៉ូម 16

រ៉ូម 16:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ទុក​ដាក់​នាង​ភីបេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ពួក​ជំនុំ នៅ​ក្រុង​កេងគ្រា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះ‌អម្ចាស់ តាម​បែប​ដែល​គួរ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​នាង ក្នុង​ការ​អ្វី​ដែល​នាង​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង។ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល នឹង​អ្នក​អ័គីឡា ជា​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរ‌គុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត សូម​ជំរាប​សួរ​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​គេ​ដែរ សូម​ជំរាប​សួរ​អ្នក​អេប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​ពី​ស្រុក​អាស៊ី សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ‌ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក នឹង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​អ្នក​អ៊ើ‌បាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះ‌គ្រីស្ទ នឹង​អ្នក​ស័តា‌ឃីស ជា​ស្ងួន‌ភ្ងា​ខ្ញុំ​ដែរ សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ទ្រីភេន នឹង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​នាង​ពើ‌ស៊ីស ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​នឿយ‌ហត់​ជា​ច្រើន​ក្នុង​ព្រះ‌អម្ចាស់ សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង នឹង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ សូម​ជំរាប​សួរ​អ្នក​អ័ស៊ីង‌គ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូ‌បាស អ្នក​ហ៊ើមេស នឹង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក នឹង​នាង​យូលាស អ្នក​នេ‌រើស នឹង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីម‌ប៉ាស នឹង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន រ៉ូម 16