រ៉ូម 15:7-9
រ៉ូម 15:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។ ដ្បិតខ្ញុំសូមជម្រាបថា ព្រះយេស៊ូវគ្រីស្ទបានត្រឡប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែក តំណាងឲ្យសេចក្តីពិតរបស់ព្រះ ដើម្បីបញ្ជាក់សេចក្តីសន្យា ដែលបានប្រទានដល់ពួកបុព្វបុរស ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។
រ៉ូម 15:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យដូចព្រះគ្រិស្តទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រិស្តបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក* ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស* និងសម្តែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា: «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ» ។
រ៉ូម 15:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។ ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់»