រ៉ូម 15:4-7
រ៉ូម 15:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។ សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
រ៉ូម 15:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម។ សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង។ ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យដូចព្រះគ្រិស្តទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
រ៉ូម 15:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ ឥឡូវនេះ សូមព្រះនៃសេចក្ដីអត់ធ្មត់ នឹងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។