រ៉ូម 14:5-12

រ៉ូម 14:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​ក្នុង​ចំណោម​យើង គ្មាន​អ្នក​ណា​រស់​សម្រាប់​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្លាប់​សម្រាប់​ខ្លួន​ឯង​ដែរ ប្រសិន‌បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ‌អម្ចាស់ ហើយ​ប្រសិន‌បើ​យើង​ស្លាប់ ក៏​ស្លាប់​ដើម្បី​ព្រះ‌អម្ចាស់។ ដូច្នេះ ទោះ​ជា​យើង​រស់ ឬ​ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះ‌អម្ចាស់​ដែរ។ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌គ្រីស្ទ​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ដូច​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ​យ៉ាង​ណា នោះ​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​នៅ​មុខ​យើង ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ត្រូវ​សរសើរ​ដល់​ព្រះ​យ៉ាង​នោះ​ដែរ» ។ ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។ ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះ‌អម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែរ ព្រោះ​ក្នុង​ចំណោម​បងប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បងប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជា‌ម្ចាស់ យ៉ាង​នោះ​ដែរ ​។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​ក្នុង​ពួក​មនុស្ស​យើង ដែល​រស់​សំរាប់​ខ្លួន​ឯង​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​សំរាប់​ខ្លួន​ឯង​ដែរ ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ‌អម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ឯង បាន​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ដើម្បី​នឹង​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ នឹង​មនុស្ស​រស់​ផង ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា​ចំពោះ​បង​ប្អូន​ខ្លួន ឬ​មើល‌ងាយ​ដល់​បង​ប្អូន​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ផង​ព្រះ‌គ្រីស្ទ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់​ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ថា ត្រូវ​ឲ្យ​គ្រប់​ទាំង​ជង្គង់​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​ត្រូវ​សរសើរ​ដល់​ព្រះ​ផង» ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។

ចែក​រំលែក
អាន រ៉ូម 14