រ៉ូម 14:13-23
រ៉ូម 14:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីឲ្យបងប្អូនណាជំពប់ដួល ឬរវាតចិត្តឡើយ។ ខ្ញុំដឹង ហើយជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងឡើយ គឺស្មោកគ្រោកសម្រាប់តែអ្នកណាដែលគិតថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្តដោយព្រោះតែរឿងអាហារ នោះអ្នកមិនរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ។ កុំធ្វើឲ្យអ្នកណាដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារតែអាហាររបស់អ្នកឲ្យសោះ ក៏កុំឲ្យគេនិយាយបង្ខូចពីការល្អរបស់អ្នកឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។ អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។ ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។ មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះ ព្រោះតែរឿងអាហារណានោះឡើយ។ តាមពិត អ្វីៗសុទ្ធតែស្អាតទាំងអស់ តែចំពោះអ្នកណាដែលបរិភោគធ្វើឲ្យអ្នកដទៃជំពប់ដួល អ្នកនោះបែរជាអាក្រក់វិញ។ គួរកុំបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ដួលឡើយ។ អ្នកមានជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ។ មានពរហើយអ្នកណាដែលមិនដាក់ទោសខ្លួនឯង ចំពោះអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវ។ តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ព្រោះគេមិនបានបរិភោគដោយជំនឿ ដ្បិតការណាដែលមិនចេញពីជំនឿ នោះជាអំពើបាប។
រ៉ូម 14:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។ អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិត អ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្តែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ត បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។ ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្ត បាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! ផ្ទុយទៅវិញ អ្នកណាមានចិត្តសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះមិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។
រ៉ូម 14:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ ប៉ុន្តែ បើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួស ត្រូវវិនាសដោយសារម្ហូបរបស់អ្នកឡើយ ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី នឹងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្ដីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ កុំឲ្យបំផ្លាញការព្រះ ដោយព្រោះតែម្ហូបណានោះឡើយ គ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែន តែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញ គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ អ្នកឯងមានសេចក្ដីជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ មានពរហើយ អ្នកណាដែលមិនកាត់ទោសខ្លួនឯង ក្នុងការដែលខ្លួនរាប់ថាធ្វើបាន តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្ដីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្ដីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ។