រ៉ូម 14:13-20

រ៉ូម 14:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ពី​ការ​ល្អ​របស់​អ្នក​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ អ្នក​ណា​ដែល​បម្រើ​ព្រះ‌គ្រីស្ទ​តាម​របៀប​នេះ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ហើយ​មនុស្ស​ក៏​គោរព​រាប់​អាន​ដែរ។ ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។ ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះ‌អម្ចាស់‌យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។ ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បងប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​គេ​ហើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​ឲ្យ​គេ​មាន​ឱកាស​និយាយ​និន្ទា​ឡើយ ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់​មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត សេចក្ដី​សុខ‌សាន្ត និង​អំណរ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ អ្នក​ណា​បម្រើ​ព្រះ‌គ្រិស្ត​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។ ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស ត្រូវ​វិនាស​ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី នឹង​សេចក្ដី​អំណរ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ ពី​ព្រោះ​អ្នក​ណា​ដែល​បំរើ​ព្រះ‌គ្រីស្ទ ដោយ‌សារ​សេចក្ដី​ទាំង​នោះ អ្នក​នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុស្ស​រាប់​អាន​ដល់​ខ្លួន​ដែរ ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ កុំ​ឲ្យ​បំផ្លាញ​ការ​ព្រះ ដោយ​ព្រោះ​តែ​ម្ហូប​ណា​នោះ​ឡើយ គ្រប់​របស់​ទាំង​អស់​ឈ្មោះ​ថា​ស្អាត​មែន តែ​រមែង​ជា​អាក្រក់​ដល់​អ្នក​ណា​ដែល​បរិភោគ​ដោយ​ប្រទាំង​វិញ

ចែក​រំលែក
អាន រ៉ូម 14