រ៉ូម 14:1-9

រ៉ូម 14:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ទទួល​អ្នក​ណា​ដែល​ខ្សោយ​ខាង​ជំនឿ មិន​ត្រូវ​ជជែក​គ្នា​ពី​ការ​ប្រកាន់​ផ្សេងៗ​ឡើយ។ ដ្បិត​ម្នាក់​ជឿ​ថា ខ្លួន​បរិ‌ភោគ​អ្វី​ក៏​បាន ឯ​ម្នាក់​ទៀត​ដែល​ខ្សោយ បរិ‌ភោគ​តែ​បន្លែ។ អ្នក​ដែល​បរិ‌ភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិ‌ភោគ​ឡើយ ហើយ​អ្នក​ដែល​មិន​បរិ‌ភោគ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិ‌ភោគ​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នក​នោះ​ដូច​គ្នា។ តើ​អ្នក​ជា​នរណា​បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​លើ​ចៅ‌ហ្វាយ​របស់​គេ​ទេ​តើ! ហើយ​គេ​នឹង​ឈរ​បាន ដ្បិត​ព្រះ‌អម្ចាស់​អាច​ធ្វើ​ឲ្យ​គេ​ឈរ​បាន។ ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​ក្នុង​ចំណោម​យើង គ្មាន​អ្នក​ណា​រស់​សម្រាប់​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្លាប់​សម្រាប់​ខ្លួន​ឯង​ដែរ ប្រសិន‌បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ‌អម្ចាស់ ហើយ​ប្រសិន‌បើ​យើង​ស្លាប់ ក៏​ស្លាប់​ដើម្បី​ព្រះ‌អម្ចាស់។ ដូច្នេះ ទោះ​ជា​យើង​រស់ ឬ​ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះ‌អម្ចាស់​ដែរ។ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌គ្រីស្ទ​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ទទួល​បងប្អូន​ណា​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដោយ​រាក់‌ទាក់ មិន​ត្រូវ​រិះគន់​យោបល់​របស់​គេ​ឡើយ។ បើ​មាន​នរណា​ម្នាក់​ជឿ​ថា​ខ្លួន​មាន​សិទ្ធិ​បរិភោគ​អ្វី​ក៏​បាន ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ បរិភោគ​តែ​បន្លែ មិន​ត្រូវ​ឲ្យ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើល‌ងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ទទួល​អ្នក​នោះ​ដែរ។ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​បម្រើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ប៉ុន្តែ អ្នក​បម្រើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​ព្រះ‌អម្ចាស់​មាន​អំណាច​ជួយ​គាត់​ឲ្យ​ឈរ​បាន។ មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។ ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះ‌អម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែរ ព្រោះ​ក្នុង​ចំណោម​បងប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​សេចក្ដី​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់​ផ្សេងៗ​ឡើយ ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើល‌ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ‌ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បំរើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​ក្នុង​ពួក​មនុស្ស​យើង ដែល​រស់​សំរាប់​ខ្លួន​ឯង​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​សំរាប់​ខ្លួន​ឯង​ដែរ ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ‌អម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ឯង បាន​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ដើម្បី​នឹង​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ នឹង​មនុស្ស​រស់​ផង

ចែក​រំលែក
អាន រ៉ូម 14