រ៉ូម 14:1-5
រ៉ូម 14:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរទទួលអ្នកណាដែលខ្សោយខាងជំនឿ មិនត្រូវជជែកគ្នាពីការប្រកាន់ផ្សេងៗឡើយ។ ដ្បិតម្នាក់ជឿថា ខ្លួនបរិភោគអ្វីក៏បាន ឯម្នាក់ទៀតដែលខ្សោយ បរិភោគតែបន្លែ។ អ្នកដែលបរិភោគ មិនត្រូវមើលងាយអ្នកដែលមិនបរិភោគឡើយ ហើយអ្នកដែលមិនបរិភោគ ក៏មិនត្រូវថ្កោលទោសអ្នកដែលបរិភោគដែរ ដ្បិតព្រះបានទទួលអ្នកនោះដូចគ្នា។ តើអ្នកជានរណាបានជាហ៊ានថ្កោលទោសអ្នកបម្រើរបស់គេដូច្នេះ? អ្នកនោះឈរឬដួលក្តី នោះស្រេចលើចៅហ្វាយរបស់គេទេតើ! ហើយគេនឹងឈរបាន ដ្បិតព្រះអម្ចាស់អាចធ្វើឲ្យគេឈរបាន។ ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។
រ៉ូម 14:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ តើអ្នកមានឋានៈអ្វីបានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។ មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។
រ៉ូម 14:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្ដីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្ដីប្រកាន់ផ្សេងៗឡើយ ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា តើអ្នកជាអ្វីដែលនិន្ទាបាវបំរើរបស់គេ អ្នកនោះឈរឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន