រ៉ូម 12:9-16
រ៉ូម 12:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
រ៉ូម 12:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ ។
រ៉ូម 12:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់ ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំ ជាមួយនឹងអ្នកណាដែលយំផង ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ។