រ៉ូម 12:4-13
រ៉ូម 12:4-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយ ហើយអវយវៈទាំងនោះ មានការងារផ្សេងៗពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយយើងម្នាក់ៗជាអវយវៈដល់គ្នាទៅវិញទៅមកដូច្នោះដែរ។ យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលព្រះប្រទានមកយើង បើជាអំណោយទានថ្លែងទំនាយ នោះចូរថ្លែងតាមខ្នាតជំនឿរបស់យើងចុះ បើជាការបម្រើ នោះចូរបម្រើ ជាអ្នកបង្រៀន ចូរបង្រៀន ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។ ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។
រ៉ូម 12:4-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រិស្ត ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង*ព្រះបន្ទូល ត្រូវថ្លែងឲ្យស្របតាមជំនឿ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្តត្រេកអរ។ ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
រ៉ូម 12:4-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិត ដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្ដីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្ដីជំនឿ ឬបើជាការបំរើ នោះចូរបំរើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ ឬជាការទូន្មាន ចូរទូន្មានទៅ ឬជាការចែកទាន ចូរចែកដោយចិត្តស្មោះ ឬជាការនាំមុខ ចូរធ្វើដោយឧស្សាហ៍ ឬការមេត្តាករុណា ក៏ចូរធ្វើដោយរីករាយចុះ។ ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់ ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ