រ៉ូម 12:3-16

រ៉ូម 12:3-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដោយ​ព្រះ‌គុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្ពស់ លើស​ជាង​គំនិត​ដែល​គួរ​គិត​នោះ​ឡើយ តែ​ចូរ​គិត​ឲ្យ​មាន​គំនិត​នឹង​ធឹង តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​រៀង​ខ្លួន​វិញ។ ដ្បិត​ដូច​ដែល​យើង​មាន​អវយវៈ​ជា​ច្រើន​នៅ​ក្នុង​រូប​កាយ​តែ​មួយ ហើយ​អវយវៈ​ទាំង​នោះ មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​យើង​ម្នាក់ៗ​ជា​អវយវៈ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ដែរ។ យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។ ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។ ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។ ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ ចូរ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​រាប់​អាន​មនុស្ស​ទន់​ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:3-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។ រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។ ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។ ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។ ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។ ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:3-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង‌ធឹង តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​និមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ ដ្បិត ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូប‌កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្ដី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តា‌ករុណា ក៏​ចូរ​ធ្វើ​ដោយ​រីក‌រាយ​ចុះ។ ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្ដី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ‌អម្ចាស់ ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់‌ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ ចូរ​សូម​ពរ​ឲ្យ​ដល់​អ្នក​ណា​ដែល​បៀត‌បៀន​អ្នក ចូរ​សូម​ពរ​ចុះ កុំ​ឲ្យ​ប្រទេច​ផ្តាសា​ឡើយ ចូរ​អរ​សប្បាយ ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង ចូរ​ឲ្យ​មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់‌ប្រសព្វ​នឹង​មនុស្ស​រាប​សា​វិញ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ខ្លួន ថា​មាន​ប្រាជ្ញា​ឲ្យ​សោះ។

ចែក​រំលែក
អាន រ៉ូម 12