រ៉ូម 12:16-21
រ៉ូម 12:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ ផ្ទុយទៅវិញ «បើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ »។ មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
រ៉ូម 12:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវមានចិត្តគំនិតចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ ។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ” ។ ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរឲ្យទឹកគេផឹកផង ធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់ពីលើក្បាលរបស់គេ” »។ មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។
រ៉ូម 12:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ។ កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ» ដូច្នេះ បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ បើប្រព្រឹត្តដូច្នោះ នោះដូចជាអ្នកបានប្រមូលរងើកភ្លើង ដាក់លើក្បាលគេវិញ កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ។