រ៉ូម 12:13-17
រ៉ូម 12:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
រ៉ូម 12:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសម្រុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ ។ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។
រ៉ូម 12:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំ ជាមួយនឹងអ្នកណាដែលយំផង ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ។ កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ