រ៉ូម 11:22-36

រ៉ូម 11:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ពិចារណា​មើល​សេចក្តី​សប្បុរស និង​សេចក្តី​ប្រិត​ប្រៀប​របស់​ព្រះ​ចុះ គឺ​ទ្រង់​ប្រិត​ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល តែ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​អ្នក ដរាប​ណា​អ្នក​នៅ​ជាប់​នឹង​សេចក្តី​សប្បុរស​របស់​ព្រះ‌អង្គ ពុំ​នោះ អ្នក​ក៏​នឹង​ត្រូវ​កាត់​ចេញ​ដែរ។ ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល នោះ​ព្រះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​នឹង​បំបៅ​គេ​ជា​ថ្មី​បាន។ ដ្បិត​បើ​អ្នក​ជា​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​ព្រះ‌អង្គ​បាន​កាត់​យក​មក​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​កំណើត​ដូច្នេះ​ទៅ​ហើយ នោះ​ចំណង់​បើ​មែក​កំណើត​ទាំង​នោះ តើ​ព្រះ‌អង្គ​នឹង​បំបៅ​ជាប់​នឹង​ដើម​កំណើត​របស់​ខ្លួន​វិញ លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត! បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​អំពី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ថា សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​កើត​មាន​ចិត្ត​រឹង​រូស រហូត​ទាល់​តែ​សាសន៍​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​បាន​សង្គ្រោះ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ដែល​រំដោះ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​ដក​សេចក្តី​ទមិឡ​ល្មើស​ចេញ​ពី​ពួក​យ៉ាកុប​ទៅ នេះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​យើង​តាំង​ជាមួយ​គេ នៅ​ពេល​យើង​ដក​យក​អំពើ​បាប​របស់​គេ​ចេញ» ។ បើ​គិត​តាម​ដំណឹង​ល្អ គេ​ជា​សត្រូវ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​បើ​គិត​តាម​ការ​រើស​តាំង​វិញ នោះ​គេ​ជា​ស្ងួន‌ភ្ងា ដោយ​ព្រោះ​ពួក​បុព្វបុរស​របស់​គេ ដ្បិត​អំណោយ‌ទាន និង​ការ​ត្រាស់​ហៅ​របស់​ព្រះ នោះ​មិន​ប្រែ​ប្រួល​ឡើយ។ ដ្បិត​ដូច​ដែល​ពី​ដើម​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ​ព្រោះ​អ្នក​ទាំង​នោះ​មិន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​ការ​ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ពេល​នេះ គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា ដោយ​សារ​សេចក្តី​មេត្តា‌ករុណា​ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ​បាន​បង្ខាំង​ឲ្យ​មនុស្ស​ទាំង​អស់ ជាប់​នៅ​ក្នុង​ការ​មិន​ស្តាប់​បង្គាប់​របស់​គេ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង​សេចក្តី​មេត្តា‌ករុណា​ដល់​មនុស្ស​គ្រប់​គ្នា។ អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន! ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? ឬ​តើ​អ្នក​ណា​បាន​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ដល់​ព្រះ‌អង្គ? តើ​អ្នក​ណា​បាន​ថ្វាយ​អ្វី​មួយ​ដល់​ព្រះ‌អង្គ​ជា​មុន ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​វិញ? ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ប្រិត‌ប្រៀប​របស់​ព្រះ‌ជា‌ម្ចាស់​ទៅ។ ព្រះអង្គ​ប្រិត‌ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។ ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជា‌ម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។ រីឯ​អ្នក បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះអង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​វិញ ព្រះអង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បងប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​មាន​ចិត្ត​រឹង‌រូស រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះអង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​ដក​អំពើ​ទមិឡ*​ចេញ​ពី​កូន​ចៅ លោក​យ៉ាកុប នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី*​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ​នៅ​ពេល​ដែល​យើង ដក​អំពើ​បាប​ចេញ​ពី​ពួក​គេ» ។ បើ​គិត​តាម​ដំណឹង‌ល្អ* សាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះអង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។ កាល​ណា​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះអង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះអង្គ​ត្រាស់​ហៅ ព្រះអង្គ​ក៏​មិន​ប្រែ‌ប្រួល​ដែរ។ រីឯ​បងប្អូន ពី​ដើម​បងប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ព្រះអង្គ​ក៏​មេត្តា‌ករុណា​ដល់​បងប្អូន។ រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះ‌ជា‌ម្ចាស់​មេត្តា‌ករុណា​ដល់​បងប្អូន។ ដូច្នេះ ព្រះអង្គ​ក៏​មេត្តា‌ករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ដើម្បី​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។ ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះអង្គ​ដែរ! តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះអង្គ? តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះអង្គ​តប​ស្នង​សង​គុណ​វិញ? ​។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះអង្គ ដោយ‌សារ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ!។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ អស់‌កល្ប​ជានិច្ច! អាម៉ែន!។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​មើល​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ប្រិត​ប្រៀប​នៃ​ព្រះ គឺ​ទ្រង់​ប្រិត​នឹង​ពួក​អ្នក​ដែល​ដួល តែ​សប្បុរស​នឹង​អ្នក​វិញ បើ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​នោះ ពុំ​នោះ អ្នក​នឹង​ត្រូវ​កាត់​ចេញ​ដែរ ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្ដី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន ពី​ព្រោះ បើ​សិន​ជា​អ្នក​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​បាន​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក​ខុស​ពី​ធម្មតា នោះ​តើ​មែក​កំណើត​ទាំង​នោះ នឹង​បាន​បំបៅ​ជាប់​នឹង​គល់​កំណើត​របស់​វា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្ដី​អាថ៌‌កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា នឹង​បាន​សង្គ្រោះ​ជា​ក្រោយ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ទ្រង់​នឹង​ចេញ​ពី​ស៊ីយ៉ូន​មក ទ្រង់​នឹង​បង្វែរ​សេចក្ដី​ទមិល​ល្មើស​ពី​យ៉ាកុប​ទៅ នោះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ» ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្ដី​រើស​តាំង នោះ​គេ​ជា​ស្ងួន‌ភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ ដ្បិត​ព្រះ‌ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ ពី​ព្រោះ​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ ដូច្នេះ ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ជាន់​នេះ នោះ​គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។

ចែក​រំលែក
អាន រ៉ូម 11