រ៉ូម 11:22-33
រ៉ូម 11:22-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។ ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត! បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចជាមានសេចក្តីចែងទុកមកថា៖ «ព្រះអង្គដែលរំដោះនឹងចេញពីក្រុងស៊ីយ៉ូន ទ្រង់នឹងដកសេចក្តីទមិឡល្មើសចេញពីពួកយ៉ាកុបទៅ នេះហើយជាសេចក្តីសញ្ញាដែលយើងតាំងជាមួយគេ នៅពេលយើងដកយកអំពើបាបរបស់គេចេញ» ។ បើគិតតាមដំណឹងល្អ គេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា តែបើគិតតាមការរើសតាំងវិញ នោះគេជាស្ងួនភ្ងា ដោយព្រោះពួកបុព្វបុរសរបស់គេ ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះ នោះមិនប្រែប្រួលឡើយ។ ដ្បិតដូចដែលពីដើមអ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណា ដោយព្រោះអ្នកទាំងនោះមិនស្តាប់បង្គាប់ជាយ៉ាងណា នោះការដែលគេមិនស្តាប់បង្គាប់នៅពេលនេះ គឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណាដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាយ៉ាងនោះដែរ។ ដ្បិតព្រះបានបង្ខាំងឲ្យមនុស្សទាំងអស់ ជាប់នៅក្នុងការមិនស្តាប់បង្គាប់របស់គេ ដើម្បីឲ្យព្រះអង្គបានសម្ដែងសេចក្តីមេត្តាករុណាដល់មនុស្សគ្រប់គ្នា។ អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
រ៉ូម 11:22-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះ ដូចមានចែងទុកមកថា: «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ លោកយ៉ាកុប នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។ បើគិតតាមដំណឹងល្អ* សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។ រីឯបងប្អូន ពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ ដ្បិតព្រះជាម្ចាស់បានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្តែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។ ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គដែរ!
រ៉ូម 11:22-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរមើលសេចក្ដីសប្បុរស នឹងសេចក្ដីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្ដីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្ដីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្ដីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្ដីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្ដីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្ដីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ ពីព្រោះដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្ដីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្ដីមេត្តាករុណា ដោយសារសេចក្ដីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្ដីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្ដីមេត្តាករុណាដល់គ្រប់គ្នា អើហ្ន៎ ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន