រ៉ូម 11:16-24
រ៉ូម 11:16-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។ ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។ ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត!
រ៉ូម 11:16-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើយើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំប៉័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! អ្នកប្រហែលជាពោលថា “ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
រ៉ូម 11:16-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្ដីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ ដូច្នេះ ចូរមើលសេចក្ដីសប្បុរស នឹងសេចក្ដីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្ដីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្ដីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។