រ៉ូម 11:1-32
រ៉ូម 11:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ «ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។ ប៉ុន្តែ តើព្រះឆ្លើយតបនឹងលោកវិញដូចម្តេច? ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់យើង ជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល» ។ ដូច្នេះ សព្វថ្ងៃនេះក៏មានសំណល់មនុស្ស ដែលព្រះអង្គបានជ្រើសរើសដោយព្រះគុណដែរ។ ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។ ដូច្នេះ តើដូចម្តេចទៅវិញ? អ្វីដែលសាសន៍អ៊ីស្រាអែលស្វែងរកនោះ គេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀត ព្រះអង្គធ្វើឲ្យមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា៖ «ព្រះបានប្រទានឲ្យគេមានវិញ្ញាណស្ពឹក មានភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ រហូតមកដល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។ ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត! ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ ដើម្បីឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន និងដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដ្បិតបើការបោះបង់ចោលរបស់គេ ជាការផ្សះផ្សាដល់ពិភពលោកទៅហើយ ចុះចំណង់បើការទទួលរបស់គេ នោះនឹងបានជាយ៉ាងណាទៅ! តើមិនមែនជាជីវិតដែលរស់ពីស្លាប់ឡើងវិញទេឬ? ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។ ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។ ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត! បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចជាមានសេចក្តីចែងទុកមកថា៖ «ព្រះអង្គដែលរំដោះនឹងចេញពីក្រុងស៊ីយ៉ូន ទ្រង់នឹងដកសេចក្តីទមិឡល្មើសចេញពីពួកយ៉ាកុបទៅ នេះហើយជាសេចក្តីសញ្ញាដែលយើងតាំងជាមួយគេ នៅពេលយើងដកយកអំពើបាបរបស់គេចេញ» ។ បើគិតតាមដំណឹងល្អ គេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា តែបើគិតតាមការរើសតាំងវិញ នោះគេជាស្ងួនភ្ងា ដោយព្រោះពួកបុព្វបុរសរបស់គេ ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះ នោះមិនប្រែប្រួលឡើយ។ ដ្បិតដូចដែលពីដើមអ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណា ដោយព្រោះអ្នកទាំងនោះមិនស្តាប់បង្គាប់ជាយ៉ាងណា នោះការដែលគេមិនស្តាប់បង្គាប់នៅពេលនេះ គឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណាដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាយ៉ាងនោះដែរ។ ដ្បិតព្រះបានបង្ខាំងឲ្យមនុស្សទាំងអស់ ជាប់នៅក្នុងការមិនស្តាប់បង្គាប់របស់គេ ដើម្បីឲ្យព្រះអង្គបានសម្ដែងសេចក្តីមេត្តាករុណាដល់មនុស្សគ្រប់គ្នា។
រ៉ូម 11:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន។ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថា: «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថា: «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ» ។ រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស ដោយសារព្រះគុណរបស់ព្រះអង្គ។ ប្រសិនបើព្រះអង្គជ្រើសរើសគេដោយសារព្រះគុណដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្តតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុ របស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។ សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ» ។ ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលុប ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលុបយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលុបយ៉ាងណាទៅទៀត? ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យល្អប្រសើរ ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន! ប្រសិនបើយើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំប៉័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! អ្នកប្រហែលជាពោលថា “ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះ ដូចមានចែងទុកមកថា: «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ លោកយ៉ាកុប នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។ បើគិតតាមដំណឹងល្អ* សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។ រីឯបងប្អូន ពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ ដ្បិតព្រះជាម្ចាស់បានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្តែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
រ៉ូម 11:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា «ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត» ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ» ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ ដូច្នេះ តើដូចម្តេច គឺថា សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ នឹងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ» ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។ ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចំរើនដល់លោកីយ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្ដីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្ដីមេត្រីដល់លោកីយដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។ បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្ដីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ ដូច្នេះ ចូរមើលសេចក្ដីសប្បុរស នឹងសេចក្ដីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្ដីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្ដីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្ដីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្ដីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្ដីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្ដីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកឰយុកោ ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ ពីព្រោះដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្ដីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្ដីមេត្តាករុណា ដោយសារសេចក្ដីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្ដីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្ដីមេត្តាករុណាដល់គ្រប់គ្នា