រ៉ូម 11:1-21
រ៉ូម 11:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ «ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។ ប៉ុន្តែ តើព្រះឆ្លើយតបនឹងលោកវិញដូចម្តេច? ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់យើង ជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល» ។ ដូច្នេះ សព្វថ្ងៃនេះក៏មានសំណល់មនុស្ស ដែលព្រះអង្គបានជ្រើសរើសដោយព្រះគុណដែរ។ ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។ ដូច្នេះ តើដូចម្តេចទៅវិញ? អ្វីដែលសាសន៍អ៊ីស្រាអែលស្វែងរកនោះ គេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀត ព្រះអង្គធ្វើឲ្យមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា៖ «ព្រះបានប្រទានឲ្យគេមានវិញ្ញាណស្ពឹក មានភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ រហូតមកដល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។ ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត! ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ ដើម្បីឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន និងដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដ្បិតបើការបោះបង់ចោលរបស់គេ ជាការផ្សះផ្សាដល់ពិភពលោកទៅហើយ ចុះចំណង់បើការទទួលរបស់គេ នោះនឹងបានជាយ៉ាងណាទៅ! តើមិនមែនជាជីវិតដែលរស់ពីស្លាប់ឡើងវិញទេឬ? ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។ ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។
រ៉ូម 11:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន។ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថា: «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថា: «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ» ។ រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស ដោយសារព្រះគុណរបស់ព្រះអង្គ។ ប្រសិនបើព្រះអង្គជ្រើសរើសគេដោយសារព្រះគុណដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្តតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុ របស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។ សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ» ។ ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលុប ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលុបយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលុបយ៉ាងណាទៅទៀត? ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យល្អប្រសើរ ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន! ប្រសិនបើយើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំប៉័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! អ្នកប្រហែលជាពោលថា “ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។
រ៉ូម 11:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា «ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត» ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ» ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ ដូច្នេះ តើដូចម្តេច គឺថា សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ នឹងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ» ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។ ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចំរើនដល់លោកីយ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្ដីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្ដីមេត្រីដល់លោកីយដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។ បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្ដីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកនូវមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ