រ៉ូម 10:6-10

រ៉ូម 10:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក) «ឬ "តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ឡើង​ពី​ពួក​មនុស្ស​ស្លាប់) នោះ​ឡើយ។ ប៉ុន្ដែ តើ​បទ​គម្ពីរ​ចែង​ដូច​ម្តេច? គឺ​ចែង​ថា៖ «ព្រះ‌បន្ទូល​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​ផង» (នោះ​គឺ ព្រះ‌បន្ទូល​នៃ​ជំនឿ ដែល​យើង​ប្រកាស)។ ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្រ្គោះ​ដោយ​មាត់​ប្រកាស​ប្រាប់។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​បរម‌សុខ?» គឺ​ថា ដើម្បី​នឹង​នាំ​ព្រះ‌គ្រិស្ត​ចុះ​មក «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?» ​ គឺ​ថា ដើម្បី​នាំ​ព្រះ‌គ្រិស្ត​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ» ​។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។ ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះ‌ជា‌ម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​សេចក្ដី​សុចរិត​ដែល​មក​ដោយ​សេចក្ដី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ តែ​សេចក្ដី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះ‌បន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់

ចែក​រំលែក
អាន រ៉ូម 10