រ៉ូម 10:4-13
រ៉ូម 10:4-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។ លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកពីក្រឹត្យវិន័យថា «អ្នកដែលប្រព្រឹត្តតាមសេចក្តីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង» ។ តែសេចក្តីសុចរិតដែលមកពីជំនឿ ចែងថា «កុំឲ្យគិតក្នុងចិត្តថា "តើអ្នកណានឹងឡើងទៅស្ថានសួគ៌"» (គឺដើម្បីនាំព្រះគ្រីស្ទចុះមក) «ឬ "តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ"» (គឺដើម្បីនាំព្រះគ្រីស្ទឡើងពីពួកមនុស្សស្លាប់) នោះឡើយ។ ប៉ុន្ដែ តើបទគម្ពីរចែងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។ ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្រ្គោះដោយមាត់ប្រកាសប្រាប់។ គម្ពីរចែងថា៖ «អ្នកណាជឿដល់ព្រះអង្គ អ្នកនោះមិនត្រូវខ្មាសឡើយ» ។ សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដ្បិត «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ »។
រ៉ូម 10:4-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។ លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។ ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ» ។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ» ។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ» ។
រ៉ូម 10:4-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ សំរាប់ជាសេចក្ដីសុចរិតដល់អស់អ្នកណាដែលជឿ។ លោកម៉ូសេបានចែងពីសេចក្ដីសុចរិត ដែលមកដោយសារក្រិត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង» តែសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ តែសេចក្ដីសុចរិតនោះ តើថាដូចម្តេច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្ដីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់ ពីព្រោះគម្ពីរថា «អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ