រ៉ូម 10:19-21
រ៉ូម 10:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេថ្លែងមុនគេថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែននឹងពួកអ្នក ដែលមិនមែនជាសាសន៍ណាមួយ យើងនឹងធ្វើឲ្យអ្នកខឹងនឹងសាសន៍មួយដែលឥតប្រាជ្ញា» ។ លោកអេសាយមានចិត្តក្លាហាន ហើយហ៊ាននិយាយទៀតថា៖ «ពួកអ្នកដែលមិនបានស្វែងរកយើង គេបានរកយើងឃើញ ពួកអ្នកដែលមិនសួររកយើង យើងបានបង្ហាញឲ្យគេឃើញ» ។ ប៉ុន្ដែ ពីដំណើរសាសន៍អ៊ីស្រាអែលវិញ លោកថ្លែងថា៖ «យើងបានលូកដៃវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រមួយដែលមិនស្តាប់បង្គាប់ ហើយចេះតែជំទាស់» ។
រ៉ូម 10:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេបានថ្លែងមុនគេថា: «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ» ។ រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថា: «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់» ។ ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថា: «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់» ។
រ៉ូម 10:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានដឹងទេឬអី លោកម៉ូសេមានប្រសាសន៍ជាមុនថា «អញនឹងបណ្តាលឲ្យឯងរាល់គ្នាមានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ ហើយនាំឲ្យឯងខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា» លោកអេសាយក៏មានចិត្តក្លាហានណាស់ នឹងមានប្រសាសន៍ថា «ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ អញបានសំដែងមកច្បាស់ឲ្យពួកអ្នក ដែលមិនសួររកអញបានឃើញ» ក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា «អញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍១ដែលមិនស្តាប់បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង»។