រ៉ូម 10:14-18

រ៉ូម 10:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស? មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទេ ដ្បិត​លោក​អេសាយ​ថ្លែង​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​និយាយ» ។ ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។ ប៉ុន្តែ ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ? ប្រាកដ​មែន គេ​បាន​ឮ ដ្បិត «សំឡេង​របស់​គេ​បាន​ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​របស់​គេ​បាន​ឮ​រហូត​ដល់​ចុង​បំផុត​នៃ​ពិភព‌លោក» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!» ​។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា: «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?» ​។ ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ‌សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្ដី ដែល​យើង​ខ្ញុំ​ប្រាប់» ដូច្នេះ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ​បំផុត»

ចែក​រំលែក
អាន រ៉ូម 10