រ៉ូម 10:1-17
រ៉ូម 10:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។ ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។ ដ្បិតដោយមិនយល់សេចក្តីសុចរិតដែលមកពីព្រះ ហើយខំប្រឹងតាំងសេចក្តីសុចរិតដោយខ្លួនឯង នោះគេមិនបានចុះចូលតាមសេចក្តីសុចរិតរបស់ព្រះឡើយ។ ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។ លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកពីក្រឹត្យវិន័យថា «អ្នកដែលប្រព្រឹត្តតាមសេចក្តីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង» ។ តែសេចក្តីសុចរិតដែលមកពីជំនឿ ចែងថា «កុំឲ្យគិតក្នុងចិត្តថា "តើអ្នកណានឹងឡើងទៅស្ថានសួគ៌"» (គឺដើម្បីនាំព្រះគ្រីស្ទចុះមក) «ឬ "តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ"» (គឺដើម្បីនាំព្រះគ្រីស្ទឡើងពីពួកមនុស្សស្លាប់) នោះឡើយ។ ប៉ុន្ដែ តើបទគម្ពីរចែងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។ ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្រ្គោះដោយមាត់ប្រកាសប្រាប់។ គម្ពីរចែងថា៖ «អ្នកណាជឿដល់ព្រះអង្គ អ្នកនោះមិនត្រូវខ្មាសឡើយ» ។ សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដ្បិត «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ »។ ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស? មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាបានស្តាប់តាមដំណឹងល្អទេ ដ្បិតលោកអេសាយថ្លែងថា «ឱព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងនិយាយ» ។ ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
រ៉ូម 10:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។ ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។ លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។ ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ» ។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ» ។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ» ។ ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា: «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!» ។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា: «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?» ។ ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ត។
រ៉ូម 10:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ បំណងចិត្តខ្ញុំ នឹងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ ពីព្រោះគេមិនបានចុះចូល តាមសេចក្ដីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្ដីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្ដីសុចរិតរបស់ទ្រង់ឡើយ ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ សំរាប់ជាសេចក្ដីសុចរិតដល់អស់អ្នកណាដែលជឿ។ លោកម៉ូសេបានចែងពីសេចក្ដីសុចរិត ដែលមកដោយសារក្រិត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង» តែសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ តែសេចក្ដីសុចរិតនោះ តើថាដូចម្តេច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្ដីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់ ពីព្រោះគម្ពីរថា «អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្ដី ដែលយើងខ្ញុំប្រាប់» ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ