រ៉ូម 10:1-10
រ៉ូម 10:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។ ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។ ដ្បិតដោយមិនយល់សេចក្តីសុចរិតដែលមកពីព្រះ ហើយខំប្រឹងតាំងសេចក្តីសុចរិតដោយខ្លួនឯង នោះគេមិនបានចុះចូលតាមសេចក្តីសុចរិតរបស់ព្រះឡើយ។ ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។ លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកពីក្រឹត្យវិន័យថា «អ្នកដែលប្រព្រឹត្តតាមសេចក្តីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង» ។ តែសេចក្តីសុចរិតដែលមកពីជំនឿ ចែងថា «កុំឲ្យគិតក្នុងចិត្តថា "តើអ្នកណានឹងឡើងទៅស្ថានសួគ៌"» (គឺដើម្បីនាំព្រះគ្រីស្ទចុះមក) «ឬ "តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ"» (គឺដើម្បីនាំព្រះគ្រីស្ទឡើងពីពួកមនុស្សស្លាប់) នោះឡើយ។ ប៉ុន្ដែ តើបទគម្ពីរចែងដូចម្តេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរអ្នក នៅក្នុងមាត់អ្នក ហើយនៅក្នុងចិត្តអ្នកផង» (នោះគឺ ព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស)។ ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្រ្គោះដោយមាត់ប្រកាសប្រាប់។
រ៉ូម 10:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។ ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។ លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។ ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ» ។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
រ៉ូម 10:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ បំណងចិត្តខ្ញុំ នឹងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ ពីព្រោះគេមិនបានចុះចូល តាមសេចក្ដីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្ដីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្ដីសុចរិតរបស់ទ្រង់ឡើយ ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ សំរាប់ជាសេចក្ដីសុចរិតដល់អស់អ្នកណាដែលជឿ។ លោកម៉ូសេបានចែងពីសេចក្ដីសុចរិត ដែលមកដោយសារក្រិត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង» តែសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ តែសេចក្ដីសុចរិតនោះ តើថាដូចម្តេច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្ដីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់