វិវរណៈ 9:13-18
វិវរណៈ 9:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតាទីប្រាំមួយផ្លុំត្រែរបស់ខ្លួនឡើង ខ្ញុំក៏ឮសំឡេងមួយ ចេញពីស្នែងទាំងបួនរបស់អាសនាមាស ដែលនៅចំពោះព្រះ។ សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។ ពេលនោះ ទេវតាទាំងបួន ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ ថ្ងៃ ខែ និងឆ្នាំ ក៏ត្រូវបានដោះលែង ដើម្បីឲ្យសម្លាប់មនុស្សមួយភាគបីចោល។ ចំនួនពលសេះ មានពីររយលាននាក់ ដ្បិតខ្ញុំបានឮចំនួនពលទ័ពទាំងនោះ។ នៅក្នុងនិមិត្តនេះ ខ្ញុំឃើញសេះទាំងនោះ និងអស់អ្នកដែលជិះលើវា គេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ស្វាយខ្ចី និងពណ៌ស្ពាន់ធ័រ ឯក្បាលសេះទាំងនោះដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមក។ មនុស្សលោកមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់សេះទាំងនោះ។
វិវរណៈ 9:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។ សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះមានទាំងអស់ពីររយលាននាក់។ ក្នុងនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និងពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និងពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញ មានរាងដូចជាក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់វាមកផង។ មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និងដោយស្ពាន់ធ័រដែលចេញពីមាត់សេះ
វិវរណៈ 9:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ នឹងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ នឹងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី នឹងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្ដីវេទនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង នឹងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង