វិវរណៈ 8:1-5
វិវរណៈ 8:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលកូនចៀមបកត្រាទីប្រាំពីរ នៅស្ថានសួគ៌ស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង។ បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរដែលឈរនៅចំពោះព្រះ បានទទួលត្រែប្រាំពីរ។ មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។ ទេវតាបានយកពានមកដាក់ភ្លើងដែលនៅលើអាសនា រួចបោះទៅលើផែនដី ហើយមានសំឡេងផ្គរលាន់ ផ្លេកបន្ទោរ និងរញ្ជួយផែនដី។
វិវរណៈ 8:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូប ដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។ មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ ព្រមទាំងមានរញ្ជួយផែនដីផង។
វិវរណៈ 8:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះ ក៏មានត្រែ៧បានប្រគល់ទៅឲ្យ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើងពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ នឹងកក្រើកដី