វិវរណៈ 6:9-11
វិវរណៈ 6:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលកូនចៀមបកត្រាទីប្រាំ នៅក្រោមអាសនា ខ្ញុំឃើញមានព្រលឹងមនុស្សទាំងអស់ ដែលគេបានសម្លាប់ ដោយព្រោះកាន់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់។ ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?» មានគេឲ្យអាវសវែងដល់អ្នកទាំងនោះម្នាក់មួយៗ ហើយប្រាប់ឲ្យឈប់សម្រាកបន្តិចទៀតសិន ទម្រាំពួកអ្នកបម្រើ ជាគូកន និងជាបងប្អូន ដែលត្រូវគេសម្លាប់ដូចគ្នា បានគ្រប់ចំនួន។
វិវរណៈ 6:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។ អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទម្រាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។
វិវរណៈ 6:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។