វិវរណៈ 5:1-5
វិវរណៈ 5:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញមានក្រាំងមួយនៅព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្ក ក្រាំងនោះមានសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង ហើយខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ «តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះបាន?» តែគ្មានអ្នកណាម្នាក់អាចនឹងបើកក្រាំងនោះ ឬក្រឡេកមើលបានឡើយ សូម្បីនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដីក៏ពុំបានដែរ ហើយខ្ញុំក៏ចាប់ផ្តើមយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាស័ក្តិសមនឹងបើក ឬក្រឡេកមើលក្រាំងនោះបានទេ។ ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។
វិវរណៈ 5:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះឡើយ។ ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះទេ។ ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សិង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។
វិវរណៈ 5:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រំាង ដែលសរសេរទាំងខាងក្នុង នឹងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង រួចឃើញទេវតា១ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។