វិវរណៈ 3:7-8
វិវរណៈ 3:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិតប្រាកដ ដែលទ្រង់មានកូនសោរបស់ស្តេចដាវីឌ បើទ្រង់បើក គ្មានអ្នកណាបិទបាន ហើយបើទ្រង់បិទ នោះគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចនឹងបិទបានឡើយ។ យើងដឹងថាអ្នកមានកម្លាំងបន្តិចមែន តែអ្នកបានកាន់តាមពាក្យរបស់យើង ក៏មិនបានបដិសេធឈ្មោះរបស់យើងដែរ។
វិវរណៈ 3:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដ ព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្តិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។
វិវរណៈ 3:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ