វិវរណៈ 3:7-13

វិវរណៈ 3:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ដ៏​ពិត​ប្រាកដ ដែល​ទ្រង់​មាន​កូន​សោ​របស់​ស្តេច​ដាវីឌ បើ​ទ្រង់​បើក គ្មាន​អ្នក​ណា​បិទ​បាន ហើយ​បើ​ទ្រង់​បិទ នោះ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ឡើយ។ យើង​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្តិច​មែន តែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ក៏​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ដែរ។ មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។ ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ដោយ​អត់‌ធ្មត់ យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រា​លំបាក ដែល​នឹង​កើត​មាន​ដល់​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង​ពួក​អ្នក​ដែល​នៅ​លើ​ផែនដី។ យើង​នឹង​មក​នៅ​ពេល​ឆាប់ៗ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​មាន​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដណ្តើម​យក​មកុដ​របស់​អ្នក​បាន។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ភីឡា‌ដិលភា​ដូច​ត​ទៅ​នេះ៖ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះអង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះអង្គ​បិទ គ្មាន​នរណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។ យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។ ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​ជាប់ ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះ‌វិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះ‌វិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

ចែក​រំលែក
អាន វិវរណៈ 3

វិវរណៈ 3:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​តែ​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ‌បង់​ឈ្មោះ​អញ​ទេ មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន មើល អញ​មក​ជា​ឆាប់​ហើយ ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ឯង​មាន​ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​មកុដ​របស់​ឯង​បាន​ឡើយ អ្នក​ណា​ដែល​ឈ្នះ អញ​នឹង​យក​អ្នក​នោះ​ធ្វើ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​អញ រួច​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ទៀត​ឡើយ ហើយ​អញ​នឹង​កត់​ព្រះ‌នាម​នៃ​ព្រះ​របស់​អញ នឹង​ឈ្មោះ​ក្រុង​របស់​ព្រះ​នៃ​អញ នៅ​លើ​អ្នក​នោះ គឺ​ជា​ឈ្មោះ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ​នៃ​អញ ហើយ​នឹង​កត់​ឈ្មោះ​ថ្មី​របស់​អញ​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

ចែក​រំលែក
អាន វិវរណៈ 3