វិវរណៈ 3:2-6
វិវរណៈ 3:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរភ្ញាក់ខ្លួនឡើង ហើយចម្រើនកម្លាំងចំពោះអ្វីៗដែលនៅសល់រៀបនឹងស្លាប់នោះឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតយើងបានឃើញការដែលអ្នកប្រព្រឹត្តនោះ មិនទាន់ពេញខ្នាតនៅចំពោះព្រះនៃយើងនៅឡើយទេ។ ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានទទួល ហើយបានឮជាយ៉ាងណា ចូរកាន់តាម ហើយប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ នោះយើងនឹងមកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមករកអ្នកនៅពេលណាឡើយ។ ប៉ុន្តែ នៅក្រុងសើដេស ក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយយើង ដ្បិតគេសមនឹងបានដូច្នេះ។ អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។
វិវរណៈ 3:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើងទេ។ ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះបន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។ ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។ ហេតុនេះ អ្នកណាមានជ័យជម្នះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
វិវរណៈ 3:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រុងប្រយ័ត ហើយចំរើនកំឡាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ នឹងចំពោះពួកទេវតាទ្រង់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។