វិវរណៈ 21:2-11

វិវរណៈ 21:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។ ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។ ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។ ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ធ្វើ​ទាំង​អស់​ជា​ថ្មី»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចូរ​សរសេរ​ដូច្នេះ ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត ហើយ​គួរ​ជឿ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​ជា​ដើម និង​ជា​ចុង បើ​អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ណា​ដែល​ឈ្នះ​នឹង​បាន​ទទួល​សេចក្ដី​ទាំង​នេះ​ជា​មត៌ក យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។ ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។ បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។ ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​មួយ ហើយ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ ជា​ក្រុង​យេរូ‌សាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ*​ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។ ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។ ព្រះអង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ បន្ទាប់‌មក​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​កត់‌ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេ‌កា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។ អ្នក​ដែល​មាន​ជ័យ‌ជម្នះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។ ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។ បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។ ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់។ ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ តាក់‌តែង​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​តែង​ខ្លួន​ទទួល​ប្ដី ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា នឹង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្ដី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង​នឹង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។ ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​អំពី​ព្រះ ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​ជា​កែវ​ចរណៃ

ចែក​រំលែក
អាន វិវរណៈ 21